លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន ស្រ្តីទុរគតម្នាក់ ឈ្មោះ ស្រ៊ុន ណារី ដែលមានពិការភាព រស់នៅស្រុកកោះសូទិន


: 2021-07-28 23:09:00

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូន ស្រ្តីទុរគតម្នាក់ ឈ្មោះ ស្រ៊ុន ណារី អាយុ ៤៥ឆ្នាំ ដែលមានពិការភាព ស្វិតជើងទាំងពីរ ដោយជម្ងឺកាលពីតូច ជាគ្រួសារមានប័ណ្ណក្រីក្រ (ក្រ ០២) រស់នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន។

ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាពគ្មានទីពឹង ដោយមិនរើសអើង ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ដើម្បីជួយសម្រាលការលំបាក បងប្អូន។

ស្ថិតក្នុងឱកាសនោះ លោកជំទាវ បានសំណូមពរដល់ប្អូនស្រី ឲ្យខិតខំថែទាំសុខ ភាព ខ្លួនឯងឲ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត ៣យ៉ាង, សម្រាន្តក្នុងមុង, ពិសាអាហារដែលចម្អិនឆ្អិនល្អ ពិសេស អនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធាន សុខាភិបាល " ៣ការពារ ៣កុំ និង ២ចូលរួម " ដើម្បីជៀសអោយផុតពីការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយមនុស្សធម៌របស់មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីខាងលើ រួមមាន៖ អង្ករ ១០០គក្រ , មី ២កេស , ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង , ឃីត ២ , អាវយឺត ៨, តង់ ២, សម្ភារផ្ទះបាយ ១សម្រាប់, ម៉ាស់ ២ប្រអប់ និង ថវិកាចំនួន ៥០០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត