ពិធីសម្ពោធជាផ្លូវការ សាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ខេត្តកំពង់ចាម


: 2020-06-11 20:16:14

សាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម. ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម  ពីឯកឧត្តម លោកជំទាវ ប្រតិភូធនាគារជាតិ នៃកម្ពុជា និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត ផងដែរ ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម  បានថ្លែង នូវការស្វាគមន៍ ចំពោះ វិនិយោគិនទាំងអស់ ក៏ដូចជា ការមកដល់ នៃពាណិជ្ជកម្មថ្មីៗ ដើម្បី ចូលរួមចំណែកបម្រើតម្រូវការ ក៏ដូចជាបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស សូមស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ ចំពោះ វត្តមានធនាគារ ជីប ម៉ុង ខមមើសល ប៊ែង​ ម. នៅលើទឹកដីខេត្តកំពង់ចាម នាពេលនេះ ។ ឯកឧត្ដម អភិបាលខេត្ត បានចាត់ទុក ជីប ម៉ុង គឺជាក្រុមហ៊ុន ដែលឈានមុខគេ នៅលើទីផ្សារប្រទេសកម្ពុជា និងបានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្ទើរគ្រប់វិស័យ ។ ផ្អែកលើកេរ្តិ៍ឈ្មោះ និងកិត្តិនាម របស់ក្រុមហ៊ុន  យើងជឿជាក់ថា ពាណិជ្ជកម្មថ្មីដែលមានវ័យជិត ពីរឆ្នាំ របស់ ជីប ម៉ុង ទោះបីជាទើបតែបង្កើតក្រោយគេ​ និងជាពាណិជ្ជកម្មមួយ ដែលអាចកសាង បានទំនុកចិត្តអតិថិជន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលស្របតាម ពាក្យស្លោករបស់ក្រុមហ៊ុន «ដៃគូយូរអង្វែងដ៏មានទំនុកចិត្តបំផុត» ដែលខេត្តកំពង់ចាម ពិតជាត្រូវការពាណិជ្ជកម្ម ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមូលដ្ឋានរឹងមាំ និងមានលទ្ធភាព ផ្តល់ផលិតផល និងសេវាកម្មជាទីគាប់ចិត្ត សម្រាប់អតិថិជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើង ។

ថ្លែងនាឱកាសនោះ លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ជាពិសេស សូមកោតសរសើរ ចំពោះ ភាគទុនិកធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ដែលបានពង្រីកអាជីវកម្មរបស់ខ្លួន នៅតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ដែលបានបង្ហាញ ពីភាពរឹងមាំ និងការរីកចំរើនថែមទៀត របស់ធនាគារ ក៏ដូចជា ការបង្កើនជំនឿទុកចិត្ត ដល់សាធារណៈជនទូទៅ និងវិនិយោគិនជាតិ និងអន្តរជាតិ មកលើវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងបរិបទសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកកិច្ច ក្រោមការដឹកនាំ ប្រកបដោយគរិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៅទៀតនោះ សង្ឃឹមថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក នឹងបន្តពង្រឹងការអនុវត្ត រាល់បទបញ្ញត្តិនានា និងកិច្ចការពាអតិថិជន ក្នុងគោលដៅអភិវឌ្ឍទីផ្សារធនាគារ ប្រកបដោយចីរភាព និងបរិយាប័ន្ន ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី