ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់ប្រមាណជិត ៩០% ហើយគ្រោងនឹងបញ្ចប់ នៅក្នុងខែមីនា ឆ្នាំ២០២១ ខាងមុខ


: 2020-06-11 19:53:31

ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% ហើយ ។ គម្រោងនេះ នឹងរួចរាល់មុនកាលកំណត់ គឺ ក្នុងខែមីនា ឆ្នាំ២០២១ នេះបើធៀបទៅនឹងកាលកំណត់ នៃកិច្ចសន្យា នៅក្នុងខែឧសភា ឆ្នាំ២០២១  ហើយស្ពាននេះ អាចតភ្ជាប់រួចរាល់ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខ ឆាប់ៗនេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីមន្ត្រីជំនាញ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន នោះ ។

គួរកត់សម្គាល់ដែរថា ការសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាគម្រោងយុទ្ធសាស្ត្រមួយ យ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង ការដឹកជញ្ជូន និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឲ្យបានងាយស្រួល និងឆាប់រហ័ស ។ ការតភ្ជាប់ស្ពានថ្មីនេះ ជាការតភ្ជាប់នូវក្ដីសង្ឃឹម របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ជម្រុញសាមគ្គីភាព និងសុខុដុមនីយកម្ម ខាងជំនឿសាសនា រវាងសហគមន៍ខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា និងខ្មែរអ្នកកាន់សាសនិកឥស្លាមកម្ពុជា ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតផង។ យ៉ាងណាម៉ិញ ប្រជាពលរដ្ឋនៅទីនេះ ពិតជាមានការលំបាក ក្នុងការរស់នៅ ជាពិសេស នៅពេលដែលមិនទាន់មានស្ពាន ពីព្រោះថា បច្ចុប្បន្ននេះ នៅពេលដែលពួកគាត់ឆ្លងកាត់ពីត្រើយម្ខាង ទៅកាន់ត្រើយម្ខាងទៀត គឺត្រូវធ្វើដំណើរតាមសាឡាង ដែលត្រូវចំណាយលុយកាក់ យ៉ាងច្រើន ។ ដូច្នេះ នៅពេលដែលទទួលបានស្ពានថ្មីនេះហើយ ពួកគាត់នឹងងាយស្រួល ក្នុងការធ្វើដំណើរ  ដឹកជញ្ជូនទំនិញកសិផល និងការទំនាក់ទំនងគ្នា កាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។

            សូមបញ្ជាក់ដែរថា ស្ពាន ១កន្លែង នេះ មានទំហំបណ្ដោយប្រវែង ១.១៣១ម និងទទឹង ១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ។ ក្រៅពីស្ពានដ៏វែងមួយនេះ  ក៏មានកំណាត់ផ្លូវតភ្ជាប់សងខាងស្ពាន ប្រវែង ,៣២៣ម ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី