ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការងាររបស់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដាក់ចេញវិធានការបន្តសំដៅកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍


: 2021-07-20 21:41:54

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការងាររបស់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដាក់ចេញវិធានការបន្តសំដៅកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍។ កិច្ចប្រជុំនេះ ក៏មានការការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកអភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ចាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមបរិបទនៃការវិវត្តនៃជំងឺកូវីដ-១៩ វិធានការបន្ទាន់ និងចាំបាច់មួយចំនួន ត្រូវដាក់ឱ្យរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ដោយក្នុងនោះ៖

-ត្រូវពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញកន្លងមក ក្នុងនោះត្រូវហាមឃាត់ដាច់ខាងនូវការជួបជុំមនុស្សច្រើន ការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសហការជាមួយអនុគណៈកម្មការវាយតម្លៃការបិទខ្អប់របស់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ផ្អាកជាបណ្តោះអាសន្ននូវទីតាំងដែលមានហានិភ័យខ្ពស់ (ទីតាំងដែលមានការបិទជិត ឬទីតាំងដែលមានការជួបជុំគ្នាច្រើនជាដើម)។

-បន្តអនុវត្តវិធានការអប់រំផ្សព្វផ្សាយអំពីវិធានការអនាម័យ និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល រួមនឹងការអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ ពិសេសពង្រឹងការអនុវត្តវិធាន «៣កុំ ៣ការពារ» ដែលជាវិធានការចាំបាច់មួយក្នុងការកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍។

-បន្តការគ្រប់គ្រងពលករចំណូលស្រុកនៅតាមមូលដ្ឋានឱ្យបានច្បាស់លាស់ ដោយត្រូវដាក់ឱ្យអនុវត្តនូវវិធានចត្តាឡីស័កនៅតាមណ្ឌលចត្តាឡីស័កដែលបានរៀបចំរួច។ ជាមួយគ្នានេះ អាជ្ញាធរក្រុង-ស្រុក ត្រូវសិក្សា និងរៀបចំមណ្ឌលចត្តាឡីស័ក បន្ថែមពីអ្វីដែលមាននាពេលបច្ចុប្បន្ន សម្រាប់ត្រៀមបម្រុងទទួលបងប្អូនពលករចំណូលស្រុកដែលវិលត្រឡប់មកពីបរទេស បន្តធ្វើចត្តាឡីស័យបន្ថែម១សប្តាហ៍ បន្ថែមលើចត្តាឡីស័កនៅតាមបណ្តាលខេត្តជាប់ព្រំដែន។

-ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមណ្ឌលចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ជាមួយករណីវិជ្ជមាន ដើម្បីជៀសវាងការចម្លងដល់ក្រុមគ្រួសារ ហើយសម្រាប់បងប្អូនបងប្អូនដែលរកឃើញករណីវិជ្ជមានក្នុងបន្ទុកគ្រួសារតែមួយត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដោយអាជ្ញាធរមូលដ្ឋានត្រូវចុះហ៊ុំព័ទ្ធ និងដាក់កម្លាំងយាមកាមឱ្យបានត្រឹមត្រូវ។

-អាជ្ញាធរមូលដ្ឋាន និងសមាសភាពពាក់ព័ន្ធត្រូវចុះសិក្សា និងពិនិត្យលទ្ធភាពក្នុងការត្រៀមរៀបចំទីតាំងបញ្ចុះសព បន្ថែមលើទីតាំងដែលយើងមានស្រាប់ រួមនឹងការបណ្តុះបណ្តាលបន្ថែមដល់អ្នកពាក់ព័ន្ធសម្រាប់ការងារបញ្ចុះសពនេះ។

-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តសិក្សាបន្ថែមអំពីសម្ភារៈបរិក្ខាពេទ្យដែលបម្រើឱ្យការព្យាបាលឱ្យស្របនឹងកម្រិតមន្ទីរពេទ្យតំបន់ ជាមួយគ្នានេះ ត្រូវពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាលដែលបម្រើការនៅមន្ទីរពេទ្យមេគង្គកំពង់ចាម សំដៅប្រែក្លាយមន្ទីរពេទ្យនេះជាមន្ទីរពេទ្យតំបន់ស្របតាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត