វគ្គបណ្ដុះបណ្ដាល ស្ដីពីការការពារសុវត្ថិភាពសង្គម និងបរិស្ថាន លើយន្តការដោះស្រាយបណ្ដឹងតវ៉ា ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន ២ (TSSD-AF)


: 2020-06-10 16:35:33

លេខាធិការដ្ឋាន គ.ជ.អ.ប នៃគម្រោង (TSSD-AF នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការការពារសុវត្ថិភាពសង្គម និងបរិស្ថាន លើយន្តការដោះស្រាយបណ្ដឹងតវ៉ា ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ ហៅកាត់ថា (TSSD-AF) ទៅដល់ក្រុមគោលដៅជាអ្នកពាក់ព័ន្ធប្រមាណជា ៤០នាក់ នៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្ដមអភិបាល ខេត្តកំពង់ចាម ។ 

          ជាមួយនឹងប្រសាសន៍  ថ្លែងអំណរគុណ  ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម ដែលបានផ្ដល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ ឯកឧត្ដម ហាន កុសល បានគូសបញ្ជាក់ថា ផ្អែកតាមកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងក្របខណ្ឌដោះស្រាយ ផលប៉ះពាល់ ត្រូវធ្វើការសិក្សា និងរៀបចំរបាយការណ៍សុវត្ថិភាពសង្គម និងបរិស្ថាន ដាក់ជូន ADB ដើម្បី ពិនិត្យបញ្ជាក់ និងផ្សព្វផ្សាយជាសាធារណៈ មុននឹងចាប់ផ្ដើមចុះកិច្ចសន្យា ។ ជាមួយនោះ យន្តការដោះស្រាយបណ្ដឹងតវ៉ា ត្រូវបានបង្កើតឡើង ឲ្យមានគ្រប់គម្រោងដែលបានជ្រើសរើស និងផ្សព្វផ្សាយបានទូលំទូលាយ តាមឃុំគោលដៅនីមួយៗ ផងដែរ ។ ឯកឧត្ដមអភិបាលរងខេត្ត បានចាត់ទុក វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់  សម្រាប់ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងគណៈកម្មការឃុំ ក៏ដូចជា អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បី អនុវត្តកិច្ចលទ្ធកម្ម ឲ្យស្របតាមគោលការណ៍ណែនាំ ដោយមានការប្រកួតប្រជែង ដោយស្មើភាព តម្លាភាព គណនេយ្យភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ដូច្នេះ តាមរយៈនេះ សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ នូវរាល់បទឧទ្ទេសនាម របស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ នឹងចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់បទពិសោធន៍ ឲ្យបានសកម្មផុលផុសហើយសូមស្នើឲ្យក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវផ្ដល់កិច្ចសហការឲ្យបានល្អជាមួយក្រុមសេវាករទី ៦ ដើម្បី ពង្រឹងការអនុវត្តកិច្ចលទ្ធកម្មសំណង់ នៅគ្រប់ថ្នាក់មានដំណើរការល្អ និងទាន់ពេលវេលា ។

          គូសបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាល ខាងលើនេះ មានគោលបំណងសំខាន់ ចំនួន ២ គឺ ៖ ១.គោលការណ៍ និងការបង្ហាត់បង្ហាញពីការប្រមូលទិន្នន័យចាំបាច់ ដែលពាក់ព័ន្ធទៅ និងការរៀបចំរបាយការណ៍សុវត្ថិភាពសង្គម និងបរិស្ថាន ។ និង២.ណែនាំយន្តការការទទួលខុសត្រូវ របស់គណៈកម្មការដោះស្រាយបណ្ដឹងតវ៉ា តាមគ្រប់កម្រិត ៕ សារ៉ាត


អត្ថបទ ៖ សេន សារ៉េត