លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អញ្ជើញអមដំណើរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណះសំណាល និងបើកយុទ្ធនាការចាក់វ៉ាកសាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះសូទិន


: 2021-07-15 23:01:55

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន អញ្ជើញជួបសំណះសំណាល និងបើកយុទ្ធនាការចាក់វ៉ាកសាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះសូទិន នៅក្នុងបរិវេណសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន។

តាមរបាយការណ៍របស់ លោក យី វណ្ណៈ អភិបាល ស្រុកកោះសូទិន បានឲ្យដឹងថា ចាប់តាំងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រុកកោះសូទិន មានអ្នកកើតជម្ងឺកូវីដ-១៩ ចំនួន ៥៥អង្គ/នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៦នាក់ និងស្លាប់ ២នាក់ ។ រដ្ឋបាលស្រុក ក៏បានរៀបចំវិទ្យាល័យជីហែ ដើម្បីត្រៀមធ្វើចត្តាឡីស័ក ដែលមានចំនួន ២៦បន្ទប់ អាចដាក់មនុស្សបានចំនួន ២០៨នាក់ និងមានអគារត្រៀមសម្រាប់ ព្យាបាល ១បន្ទប់ អាចដាក់បានចំនួន ១០នាក់ ។ ទន្ទឹមនឹងនោះ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជម្ងឺកូវីដ ហើយត្រូវធ្វើចត្តឡីស័ក នៅតាមផ្ទះរបស់ខ្លួន សរុបចំនួន ១៥៧គ្រួសារ ចំណាយថវិកា អស់ប្រមាណជាង ២៣លានរៀល ។ ក្រៅពីនោះ នៅសល់ប្រជាពលរដ្ឋចំនួន ៥៥គ្រួសារទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ។ ដូចគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាជីវភាពជួបការលំបាក ក្នុងកំឡុងពេលការរីករាលដាល នៃជម្ងឺកូវីដ ចំនួន ៥៥គ្រួសារ ដោយទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងទឹកត្រី ផងដែរ ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា ជាទិសដៅ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺចាក់ជូនប្រជាជន ឲ្យបានប្រមាណ ពី ៧០ ទៅ ៨០ភាគរយ ដើម្បី អាចទប់ទល់ជាមួយជម្ងឺនេះបាន ។ ដូច្នេះ បងប្អូន ទាំងអស់ដែលគ្រប់អាយុ ១៨ឆ្នាំ សូមមកធ្វើការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះថា ជម្ងឺនេះ សាហាវ និងមានការឆ្លងលឿនណាស់ ហើយមេរោគវាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វើមនុស្សស្លាប់ ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំឲ្យមានការឆ្លងនូវជម្ងឺកូវីដ ១៩ ជាពិសេស ចំពោះមនុស្សចាស់ ត្រូវឲ្យមានប្រព័ន្ធការពារខ្លាំងបំផុត ក្នុងនោះ អ្នកធ្លាប់កើតជម្ងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូហួស ទម្ងន់របស់ខ្លួននីមួយៗ គឺជាមុខសញ្ញាដែលត្រូវជៀសកុំឲ្យឆ្លងជម្ងឺនេះ បើមិនដូច្នេះទេ ពិតជាលំបាកហើយ ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា អ្វីដែលសំខាន់គឺ ការថែរក្សាសុខភាព អនុវត្តតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេស បងប្អូនត្រូវទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដទាំងអស់គ្នា ហើយកុំគិតថា ការចាក់វ៉ាក់សាំងទាំង ២ ដូសរួចហើយ មិនឆ្លងជម្ងឺកូវីដឲ្យសោះ គឺនៅតែឆ្លងដដែល បើសិនជាយើងគ្មានវិធានការ ការពារខ្លួននោះទេ តែការឆ្លងនោះ អាចព្យាបាលជាសះស្បើយបាន ។ តាមរយៈនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនា យករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ នេះ ដោយក្នុងរយៈពេលកន្លងមកនេះ បានចំណាយថវិកា អស់រាប់រយលានដុល្លារ ដើម្បី ជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ ក៏ដូចជាជួយដល់កម្មករ កម្មការនី រោងចក្រកាត់ដែរ ថែមទៀត ផងដែរ ។

នៅក្នុងឱកាសនោះ រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដែលរួមមាន អាកុល ៧កាន ម៉ាស់ ៥ពាន់ម៉ាស់ អាវពេទ្យ ៥កេស ស្រោមដៃ ៧០ប្រអប់ ទឹកសុទ្ធ ៣៥កេស ឯកឧត្តម ខៀវ កាញារីទ្ធ ថវិកា ១លានរៀល ។

គួរបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងស្រុកកោះសូទិន នាឱកាសនេះ បានរៀបចំគោលដៅ ចំនួន ៧កន្លែង និងមានប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំង ចំនួន ៤៥.៩៧៦នាក់ ដោយមានក្រុមគ្រូពេទ្យ ចំនួន ១១ក្រុម សរុប ១១៩នាក់ ក្នុងនោះក្រុមគ្រូពេទ្យរបស់ស្រុកកោះ សូទិន ៦០នាក់ ក្រុមគ្រូពេទ្យសាកលវិទ្យាល័យសុខាភិបាលកំពង់ចាម ៥០នាក់ និងក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន ០៩ នាក់ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត