ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងស្រុកកងមាស


: 2021-07-15 22:55:50

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងស្រុកកងមាស និងដោយមានការចូលរួមពី លោកអភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋ។

តាមរបាយការណ៍ពីលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថាផែនការ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស មានចំនួន ០៩ទីតាំង ក្នុងឃុំចំនួន០៨ និងដាក់ឲ្យដំណើរការចាក់ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ និងមានប្រជាពលរដ្ឋប្រមាណ ៧១.៤២៦នាក់ដែលត្រូវមកទទួលការចាក់វ៉ាក់សាំង។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានគោរពអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងស្រុកកងមាស។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចាក់វ៉ាកសាំង ការការពារជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនក្នុងពេលដែលជំងឺកូវីដ កំពុងតែរាតត្បាតនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅការពារការចម្លងជំងឺដ៏កាចសាហាវមួយនេះ។ ហើយនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ នេះបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រស់នៅក្នុងស្រុកកងមាសនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងដែលរដ្ឋបាលស្រុកបានរៀបចំ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ មានកម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាឃុំទាំង១១ក្នុងស្រុក សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សំាងដោយឥតគិតថ្លៃ នៅតាមទីតាំង និងតាមវេនដែលអាជ្ញាធរឃុំ បានបែងចែកតាមភូមិនីមួយៗ និងត្រូវជៀសវាង ការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវី-១៩ និងពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ អនាម័យ រក្សាគម្លាតសង្គម និងកាតព្វកិច្ចពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ ៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

ឯកឧត្តមបាននាំមកនូវ អំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មណ្ឌលចាក់វ៉ាក់សាំងទាំង០៩មាន ÷ អាកុលចំនួន ០៩កាន ម៉ាស់ចំនួន៥០០០ម៉ាស់ អាវពេទ្យចំនួន៥កេស ស្រោមដៃចំនួន ៩០ប្រអប់ ទឹកសុទ្ធចំនួន ៤៥កេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត