ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងស្រុកស្រីសន្ធរ


: 2021-07-15 22:52:05

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងស្រុកស្រីសន្ធរ ។ ដោយមានការចូលរួមពី លោកអភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋ។

តាមរបាយការណ៍ពីលោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថាផែនការ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ មានចំនួន ១២ទីតាំង ក្នុងឃុំចំនួន ៩ និងដាក់ឲ្យដំណើរការចាក់ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងមានប្រជាពលរដ្ឋប្រមាណ ៥០.២៣៨នាក់ដែលត្រូវមកទទួលការចាក់វ៉ាក់សាំង ។

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ច។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅការពារការចម្លងជំងឺដ៏កាចសាហាវមួយនេះ។ ហើយថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងស្រុកស្រីសន្ធរ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងចំនួន១២កន្លែងដែលរដ្ឋបាលស្រុកបានរៀបចំ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ មានកម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាឃុំទាំង១៤ក្នុងស្រុក សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សំាងដោយឥតគិតថ្លៃ នៅតាមទីតាំង និងតាមវេនដែលអាជ្ញាធរឃុំ បានបែងចែកតាមភូមិនីមួយៗ និងត្រូវជៀសវាង ការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវី-១៩ និងពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម បាននាំមកនូវ អំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មណ្ឌលចាក់វ៉ាក់សាំងទាំង១២ មាន ÷ អាកុលចំនួន ១២កាន ម៉ាស់ចំនួន៥០០០ម៉ាស់ អាវពេទ្យចំនួន៥កេស ស្រោមដៃចំនួន ១២០ប្រអប់ ទឹកសុទ្ធចំនួន ៦០កេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត