ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានពីអាយុ ១៨ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ


: 2021-07-15 22:43:41

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានពីអាយុ ១៨ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំឡើងនៅបរិវេណនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែល។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែខិតខំ ប្រឹងប្រែង អស់លទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការការពារ សុខភាពសាធារណៈ នៅកម្ពុជា។ ជាក់ស្តែងដើម្បីបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ និងទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង។ ហើយ នេះជាយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្ត មានអាយុ១៨ឆ្នាំឡើង នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កាលពីលើកទី១ យុទ្ធនាការបានចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ និងស្រុកកំពង់សៀម។

ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ, កម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាស្រុកទាំង៥នេះ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សំាងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១នេះតទៅ តាមវេនដែលរដ្ឋបាលឃុំបានបែងចែកតាមភូមិនីមួយៗជៀសវាងការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវី-១៩ និងសូមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ អនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នាពេលមកទទួលការចាក់វ៉ាក់សាំង។

ឯកឧត្តមក៏បានផ្តាំផ្ញើ អោយបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះដែរ ទោះបីជាប្រជាពលរដ្ឋយើង បានទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ រួចហើយក្ដី ក៏ត្រូវចូលរួមទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នថែមទៀត នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងអសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសងហគមន៍កម្ពុជាយើង ផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបាននាំយកអំណោយរបស់រដ្ឋបាលខេត្តជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងស្រុកចំការលើ រួមមាន អាល់កុល ០៩កាន ម៉ាស ៥.០០០ អាវពេទ្យ ២៥០០អាវ ស្រោមដៃ ៩០ប្រអប់ ទឹកសុទ្ធ ៤៥កេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត