ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញជូបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ចំនួន ២៥០គ្រួសារ ក្នុងស្រុកចំការលើ


: 2021-07-13 21:47:41

នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជូបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ចំនួន ២៥០គ្រួសារ ក្នុងស្រុកចំការលើ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរ។

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅការពារការចម្លងជំងឺដ៏កាចសាហាវមួយនេះ។ ហើយនៅថ្ងៃទី១៥ ខែកក្តដា ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រស់នៅក្នុងស្រុកចំការលើ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងចំនួន ០៨កន្លែងដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ, កម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សំាងដោយឥតគិតថ្លៃ នៅតាមទីតាំង និងតាមវេនដែលអាជ្ញាធរឃុំ បានបែងចែកតាមភូមិនីមួយៗ និងត្រូវជៀសវាង ការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវី-១៩ និងពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ អនាម័យ រក្សាគម្លាតសង្គម និងកាតព្វកិច្វពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនទាំង២៥០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត