ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់


: 2021-07-10 22:59:51

ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកស្ទឹងត្រង់ បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ធ្វើការណែនាំដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ សូមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ និងវិធានសុខាភិបាលក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្តតាមដានសុខភាពរបស់ខ្លួន បើមានសញ្ញាណសង្ស័យណាមួយ ត្រូវរាយការណ៍ទៅមន្ត្រីសុខាភិបាលដែលនៅជិតនេះដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។ ជាមួយគ្នានេះ សូមបងប្អូនរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ "៣ការពារ ៣កុំ " ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង។

គួរបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ២ដប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត