ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់


: 2021-07-10 22:54:22

ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកស្ទឹងត្រង់ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា បន្ទាប់ពីបានទទួលវ៉ាក់សាំង ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួនជាង ៣០ម៉ឺននាក់ នៃស្រុកចំនួន ៤ និងក្រុង១ បានសម្រេចលទ្ធផលប្រមាណជាង ៨០% ហើយ បើគិតត្រឹមពេលនេះ ។ ដោយឡែក នៅស្រុកចំនួន ៥ទៀត ដែលមានប្រជាពលរដ្ឋ ប្រមាណជា ៤០ម៉ឺននាក់ ដែលរដ្ឋបាលខេត្ត និងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូន នៅក្នុងសប្តាហ៍ក្រោយ ដែលគ្រោងនឹងប្រើប្រាស់វ៉ាក់សាំងជិត ១លានដូសទៀត ហើយយុទ្ធនាការនេះដែរ នឹងត្រូវបិទបញ្ចប់នៅពាក់កណ្ដាល ខែសីហា ឆ្នាំ២០២១ ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារថែរក្សាសុខភាពរបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ទាំងអស់គ្នា ។ ទន្ទឹមនឹងនោះ អ្នកដែលបានទទួលវ៉ាក់សាំងបង្ការរួចហើយ ក៏ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល " ៣ការពារ ៣កុំ និង ២ចូលរួម " ដើម្បី ជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺ ដ៏កាចសាហាវនេះ គ្រប់ៗគ្នា។

គួរបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង២០០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ២ដប និងថវិកា ២០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត