ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបាធាយ​


: 2020-05-21 13:56:51

ឆ្លើយតបទាន់ពេលវេលា ទៅនឹងករណីដែលកើតមានឡើង ជាយថាហេតុ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ចាម  រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា និងអនុសាខាស្រុក ព្រមទាំង សហការី បានអញ្ជើញចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះ នៅ ២កន្លែង ផ្សេងគ្នា  ក្នុងមូលដ្ឋាន នៃស្រុកបាធាយ រួមមាន ៖

១-ជួបសំណេះសំណាលជាមួយជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៦០នាក៎ ក្នុងនោះ ជនចាស់ជរា ២៨នាក់ ជនមានពិការភាព ៥នាក់ ស្ត្រីមេម៉ាយកូនច្រើន ៦នាក់ កុមារកំព្រា ៦នាក់ អ្នកជម្ងឺរ៉ាំរ៉ៃ ១៥ នាក់ ប្រព្រឹត្តទៅ នៅក្នុងសាលាស្រុកបាធាយ  ហើយបានផ្តល់នូវអំណោយមនុស្សធម៌  របស់កាកបាទក្រហមកម្ពុជា ជូនក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ម៉ាស់ ៥ បន្ទះ និងថវិកា ២០.០០០រៀល  ។

២.ជួបសំណេះសំណាលជាមួយគ្រួសារជនរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ២៩គ្រួសារ ក្នុងឃុំត្រប់ រួមមាននៅភូមិរោធ ចំនួន ២៦គ្រួសារ និងភូមិអូម៉ាល់ ចំនួន ៣គ្រួសារ ដោយបានផ្តល់នូវអំណោយមនុស្សធម៌ ក្នុងនោះ ៖ ជនរងគ្រោះកម្រិតធ្ងន់ ដែលរលំផ្ទះទាំងស្រុង ចំនួន ១១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ មី ១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ តង់ ១ ឃីត ១កញ្ចប់ និងថវិកា ៤០០.០០០រៀល ។ ដោយឡែក ជនរងគ្រោះ ដែលរបើកក្បឿង ស័ង្កសី កម្រិតមធ្យម ចំនួន ១៨គ្រួសារ ទៀតនោះ ឯកឧត្តម ប្រធានសគណៈកម្មាធិការសាខា បានផ្តល់ជូននូវ អង្ករខ្នាត ២៥គក្រ ចំនួន ១៨បាវ មី ១៨កេស ទឹកត្រី ១៨យួរ ទឹកស៊ីអ៊ីវ ១៨យួរ ត្រីខ ១៨០កំប៉ុង និងថវិកាសរុប ៣.៦០០.០០០រៀល ។

         ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា  បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបារម្ភ និងគិតគូរ អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង ដែលរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង  មិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍សាសនា និងនិន្នាការនយោបាយឡើយ ហើយតែងបានចាត់តំណាង ចុះជួប និងចុះជួយអន្តរាគមន៍ ដោះស្រាយបញ្ហា បានទាន់ពេលវេលា ពោលគឺ  «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ជានិច្ច ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចាប់អារម្មណ៍ខ្ពស់ ចំពោះ ការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ជាចម្បង ត្រូវអនុវត្តវិធានការរក្សា អនាម័យស្អាត ៣ យ៉ាង ឲ្យយបានជាប់ជាប្រចាំ  ត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំគ្នា មានលក្ខណៈប្រមូលផ្តុំឡើយ ពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បី រួមគ្នា បង្ការទប់ស្កាត់ និងជៀសឲ្យផុត ពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ដែលកំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងពិភពលោក ផងដែរ ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី