កិច្ចប្រជុំពិភាក្សា អំពីការធ្វើអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ នៅខេត្តកំពង់ចាម


: 2020-05-21 13:44:16

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត បានបើកកិច្ចប្រជុំពិភាក្សា អំពី ការ ធ្វើអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ នៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត និងតំណាងមន្ទីរផែនការ ព្រមទាំង មន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា  ចាប់តាំងពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ ទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផងដែរ កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ  ។ ជាមួយនោះ ដើម្បី ជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះ ដែលអវត្តមានតាមជុំ នៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19 ។ ដូច្នេះ ដើម្បី ឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំ ដើម្បី ផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ ដើម្បី ទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ  ។

នាឱកាសនោះ ឯកឧត្តម  អ៊ុន ចាន់ដា បានជម្រញទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ទាំងអស់ ត្រូវអនុវត្តគោលនយោបាយជាតិ គាំពារសង្គម របស់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្នុងមូលដ្ឋាន ឲ្យដំណើរការបានល្អប្រសើរ និងបានទាន់ពេលវេលា ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី