អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះពិនិត្យ ការដ្ឋានស្ដាបនាផ្លូវបេតុង ១ខ្សែ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ក្នុងស្រុកកំពង់សៀម


: 2020-05-21 13:37:19

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន  បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុង ដែលមានបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ថា គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ នេះ ប្រើប្រាស់ថវិកា រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បី ឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ។ ម្យ៉ាងទៀត ផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់ ១កន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលការគម្រោង កំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន យ៉ាងមមាញឹកបំផុត ដែលមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណជាង ៣០% ហើយ ។

ឆ្លៀតក្នុងឱកាស ចុះពិនិត្យលើវឌ្ឍនភាពរីកចំរើន នៃផ្លូវ ១ខ្សែ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានបន្តដំណើរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានទំហំ បណ្តោយប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ

តាមការបញ្ជាក់ ពីមន្ត្រីជំនាញសាលាខេត្ត ឲ្យដឹងថា គម្រោងផ្លូវ ១ខ្សែ នេះ ប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ដោយតភ្ជាប់ពីចំណុចផ្លូវខាងក្រោយបន្ទាយសឹងរងខេត្ត (ឬផ្លូវអគ្គិសនីថ្មី) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម  ឆ្ពោះទៅដល់ចំណុច ព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយ និងសម្រេចលទ្ធផល បានប្រមាណជាង ២០% ហើយ ៕ សារ៉ាត


អត្ថបទ ៖ អ៊ឹង ទី