ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំតំបន់មេទឹកកណ្តៀង ស្ថិតនៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម


: 2020-05-18 16:05:30

នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាធាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីបណ្តឹងប្រជាពលរដ្ឋ តំបន់មេទឹកកណ្តៀង ស្ថិតនៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មូលហេតុមានប្រជាពលរដ្ឋដែលអាស្រ័យផលមួយចំនួនតូច និងឈ្មួញ បានធ្វើការលក់ដូរ និងបានបោះបង្គោលធំៗទន្ទ្រានចូលដល់បាតមេទឹក ហើយប្រជាពលរដ្ឋមួយចំនួនធំក្នុងភូមិដែលបាននឹងកំពុងអាស្រ័យផលពីមេទឹកសម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រពដំណាំកសិកម្ម ដាំឈូក នេសាទ និងយកទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ មិនបានឯកភាព និងយល់ព្រមនឹងការការលក់ដូរដីនៅក្នុងសហគមន៍មេទឹកដែលជាសម្បតិ្តសាធារណៈដោយសេរី និងអនាធិបតេយ្យ មិនត្រឹមត្រូវស្របច្បាប់នេះ និងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយមានស្នាមមេដៃប្រជាពលរដ្ឋចំនួន៣៥០នាក់។
      គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានប្រជុំពិភាក្សារ និងចុះពិនិត្យជាក់ស្តែងដល់ទីតាំងមេទឹកកណ្តៀង។ ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាពពន្លឿនការវាស់វែងដើម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការច្បាស់លាស់ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីគោរពជូនក្រសួងធនធានទឹក ឬរាជរដ្ឋាភិបាលសម្រេច និងត្រូវបង្កើតសហគមន៍កសិករប្រើប្រាស់ មេទឹកកណ្តៀងតាមបែបបទរដ្ឋបាល និងលក្ខណៈបច្ចេកទេស ដើម្បីឲ្យមានការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ជៀសវាងនូវទំនាស់ផលប្រយោជន៍នានាបន្តទៀត ជាមួយគ្នានេះបើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា និងអនុក្រិត្យស្តីពីការគ្រប់គ្រងអាងទន្លេដែលក្នុងនោះមានបញ្ចាក់អំពីការកំណត់តំបន់អាងទន្លេ បឹងមេទឹក មុនចុះបញ្ជីលក្ខណៈជាប្រព័ន្ធដោយបានកំណត់សហគមន៍មេទឹកនេះ ជាបឹងមេទឹករបស់រដ្ឋសម្រាប់ប្រជាពលរដ្ឋអាចប្រើប្រាស់ និងអាស្រ័យផលជាប្រយោជន៍រួមមិនអាចទាមទារជាកម្មសិទ្ធ និងធ្វើការលក់ ទិញបានទេ។


អត្ថបទ ៖ អ៊ឹង ទី