អគារសាលាសង្កាត់បឹងកុកថ្មី នឹងលេចជារូបរាងឡើង ខណៈដែលជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ


: 2020-05-13 21:51:37

ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួនសម្រាប់បំរើការងារនោះ ខណៈដែលអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ ទើបនៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សម្រេចសាងសង់អាគារសាលាសង្កាត់បឹងកុកថ្មី នៅលើទីតាំងដីរដ្ឋ ១កន្លែង ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម លើផ្ទៃដីទំហំ ៤០×៥០ ដោយគ្រោងចាប់ផ្ដើមចាក់ដីសាងសង់ ចាប់ពីពេលនេះតទៅ ។

គួរកត់សម្គាល់ថា ទីតាំងថ្មីដែលគ្រោងសាងសង់អគារខាងលើនេះ គឺតម្រូវធ្វើផ្លូវចូល ប្រវែងប្រមាណ ១៦០ម៉ែត្រ ដោយត្រូវចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០២១ ប្រមាណជាង ២០០លានរៀល ។ ដូច្នេះ រំពឹងថា អគារសាលាសង្កាត់ បឹងកកថ្មីនេះ និងសាងសង់រួចរាល់ នៅចុងឆ្នាំ២០២០ ដែលកសាងដោយថវិការបស់រដ្ឋបាលខេត្ត គ្រោងប្រមាណជា ៣៥០លានរៀល ។

            នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដី សម្រាប់សង់សាលាសង្កាត់បឹងកុក ពិនិត្យទ្វារទឹក និងពិនិត្យច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត ដោយសារការហូរច្រោះ នៃឥទ្ធិពលទឹកភ្លៀងមួយមេធំ កាលពីយប់ម៉ិញញ នៅចំណុចសង្កាត់បឹងកុក ក្រុងកំពង់ចាម ។  ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម  ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ទទួលជួសជុសឲ្យបានឆាប់បំផុត ដើម្បី បញ្ជៀសការខូចខាត បន្តទៀត ។


អត្ថបទ ៖ អ៊ឹង ទី