ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម

ដើម្បីផ្សាភ្ជាប់សុខទុក្ខ រវាងថ្នាក់ដឹកនាំ ជាមួយនឹងប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងសប្បុរសជនមកពីសហរដ្ឋអាមេរិក ព្រមទាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅបរិវេណសាលាបឋមសិក្សាបឹងបាសាក់ ក្នុងសង្កាត់សំបួរមាស ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ របស់ លោកស្រី ឃាង ស៊ីផាន ចៅសង្កាត់ រួចមក លោក សេម សាន់នី តំណាងសប្បុរសជនសហរដ្ឋអាមេរិក និង លោក ភូ ទៀន តំណាងអង្គការមិនរកប្រាក់ចំណេញ មានឈ្មោះថា «សម្ព័ន្ធមិត្ត ក្ដីសុបិន្តកម្ពុជា» មានចំណាប់អារម្មណ៍ថា យើងមានមោទនភាពណាស់ ចំពោះព្រឹត្តិការណ៍ ដែលគួរឲ្យចងចាំនេះ ។ ហើយនេះ ក៏ជាលើកទី៣ ផងដែរ ដែលអង្គការ ក៏ដូចជាក្រុមការងាររបស់លោក បានចូលរួមពិធីបែបនេះ ដែលជាការសម្រេចចិត្តមិនស្ទាក់ស្ទើរ ក្នុងការចូលរួម ដោយសេចក្ដីស្រឡាញ់ ក្នុងការជួយយុវជន ឲ្យក្លាយទៅជាអ្នកដឹកនាំ ក្នុងជំនាន់របស់ពួកគេ សម្រាប់ថ្ងៃអនាគត ដូចពាក្យស្លោករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ បានពោលថា «ថ្វីត្បិតតែយើង មិនអាចរៀបចំអនាគតរបស់កូនៗពួកយើងបានមែន ក៏ប៉ុន្តែ យ៉ាងហោចណាស់ យើងក៏អាចរៀបចំកូនៗរបស់ពួកយើង សម្រាប់ថ្ងៃអនាគតបាន» ។ ជាក់ស្ដែង នាពេលនេះយើងបានចូលរួម ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងវិស័យមនុស្សធម៌ ជួយទៅដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្របតាមទស្សនវិស័យរបស់ពួកយើង តាមរយៈ ការចូលរួមវិភាគទាន ពីសំណាក់សប្បុរសជននានា នៅសហរដ្ឋអាមេរិក នូវសម្ភារៈទាំងអស់នេះ ។

ឯកឧត្ដម លន់ លឹមថៃ បានថ្លែងនូវការដឹងគុណ និងកោតសរសើរដោយស្មោះ ចំពោះ ទឹកចិត្តរបស់ លោក សេម សៅនី ក៏ដូចជាទឹកចិត្តរបស់សប្បុរសជននានា នៅសហរដ្ឋអាមេរិក ផងដែរ ដែលបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមទាំងអតីតកាល និងបច្ចុប្បន្ន កាលនាឱកាសនេះ ។ ឯកឧត្ដមអភិបាលខេត្ត ចាត់ទុកថា ការផ្ដល់នូវអំណោយខាងលើនេះ គឺជាទឹកចិត្តសប្បុរសធម៌ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរារដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានជួយសម្រួលទៅដល់ជីវភាព និងការខ្វះខាតមួយរយៈខ្លី ដែលចាត់ទុកថា ជាវប្បធម៌ នៃការចែករំលែក ដែលប្រជាពលរដ្ឋខ្មែរយើងមានតាំងពីយូរយារណាស់មកហើយ ផងដែរ ។ ដោយឡែក ជាមួយនឹងអំណោយមនុស្សធម៌នេះដែរ ឯកឧត្ដមអភិបាល ក៏ចាត់ទុកដែរថា គឺជាឱកាសមួយដ៏ប្រសើរ ដែលថ្នាក់ដឹកនាំបានជួបមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ដើម្បីជម្រាបជូនអំពីសភាពការណ៍នយោបាយខ្លះៗ នៅក្នុងប្រទេស ដើម្បីស្ដាប់ និងតាមដាន ហើយយកទៅវិភាគ និងអនុវត្ត ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា បច្ចុប្បន្នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយរួម និងនិយាយដោយឡែក នៅខេត្តកំពង់ចាម កំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រយៈពេលពេលប្រមាណ ១៧ឆ្នាំ ហើយ ។ សុខសន្តិភាពនេះ បានជម្រុញឲ្យប្រទេសជាតិ និងស្រុក ភូមិ របស់យើង មានការអភិវឌ្ឍបោះជំហ៊ានទៅមុខ ជាលំដាប់ ។ អញ្ជឹងទេ! សូមបងប្អូនចូលរួមទាំងអស់គ្នា ថែរក្សានូវសន្តិភាពនេះឲ្យគង់វង្ស ជាពិសេស សូមជឿជាក់ និងបន្តគាំទ្រ ទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ។ ដោយឡែក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដូច្នេះ សូមបងប្អូនត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ភ្ជាប់ជាមួយពិធីខាងលើ គណៈអធិបតី ក៏បានអញ្ជើញប្រគល់ នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលបានចូលរួម ចំនួន ៦៤៨នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត ១កញ្ចប់ ។ លោកគ្រូ អ្នកគ្រូ ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ។ សិស្សានុសិស្ស ៣៨១នាក់ ក្នុងម្នាក់ៗ ទទួលបានសម្ភារៈសិក្សាមួយចំនួន មាន ៖ សៀវភៅ ប៊ិច បន្ទាត់ កាបូបស្ពាយ ។ ដោយឡែក ឯកឧត្ដម លន់ លឹមថៃ ក៏បានឧបត្ថម្ភ កងកម្លាំងមូលដ្ឋានទាំង ៣ប្រភេទ ក្នុង ១អង្គភាពៗ ថវិកា ២០ម៉ឺនរៀល និងកម្លាំងប្រជាការពារ ថវិកា ១០ម៉ឺនរៀល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

18516780_1310427385693363_576776505_o 18493766_1310427395693362_830694732_o 18493226_1310427392360029_2133737553_o 18472436_1310427389026696_288702478_o