មន្ទីរពាណិជ្ជកម្មខេត្ត រៀបចំការតាំងបង្ហាញ និងផ្សព្វផ្សាយ រកទីផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

មន្ទីរពាណិជ្ជកម្មខេត្ត រៀបចំការតាំងបង្ហាញ និងផ្សព្វផ្សាយ រកទីផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម

ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមករា មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំការតាំងបង្ហាញ និងផ្សព្វផ្សាយ រកទីផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម ។ ការដាក់តាំងបង្ហាញនេះ បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

លោក ឈាង ឆៃ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានបញ្ជាក់ថា នេះជាលើកទី២ ហើយ មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំព្រឹត្តិការណ៍នេះឡើង បន្ទាប់ពីការតាំងបង្ហាញផលិតផលខ្មែរ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ ។ លោកបន្តថា ការតាំងបង្ហាញនេះ ក្នុងគោលបំណងជួយជម្រុញការរកទីផ្សារ ការលក់ផលិតផល ដែលកសិករ សិប្បករ ក្នុងខេត្តផលិតបាន ។ ជាមួយគ្នានោះដែរ ក៏នឹងផ្ដល់ប្រឹក្សាយោបល់ ទៅលើផលិតផលទាំងនោះ លើគុណភាព ការកែច្នៃផលិតផល ការវេចខ្ចប់ ស្លាកសញ្ញា និងនីតិវិធីផ្សេងៗ ដែលទាក់ទងនឹងច្បាប់គ្រប់គ្រង និងជួយពន្យល់ ណែនាំអំពីជំនាញ លើការលក់ និងការផ្សព្វផ្សាយផលិតផល ផងដែរ ។ ពិធីតាំងបង្ហាញនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ដោយមានអាជីវករ នៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តផ្សេងៗទៀត ចូលរួមប្រមាណជាង ៣០ស្តង់ ជាមួយនឹងមុខទំនិញ គ្រប់ប្រភេទ មាន ៖ នំ ចំណីអាហារ ផ្លែឈើ សម្លៀកបំពាក់ គ្រឿងអលង្ការ និងសម្ភារៈលម្អមួយចំនួនទៀត ។

ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា បើទោះបីជា មានការរីកចំរើនសហគ្រាសធុនតូច និងមធ្យម តែការផលិតរបស់យើង នៅមានកម្រិត និងពុំទាន់ធានាតម្រូវការប្រើប្រាស់នៅឡើយ នាំឲ្យមានការហូរចូលផលិតផលពីបរទេស ដោយរាប់ទាំងទំនិញឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដែលធ្វើឲ្យជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយផលិតផលនាំចូល ។ ឯកឧត្ដម អភិបាលខេត្តបន្តថា ការប្រឈមទាំងអស់នេះ មកពីកត្តាជាច្រើន ដូចជា បរិបទ នៃការចូលរួមនៅក្នុងពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្មចូលទៅក្នុសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នកប្រើប្រើប្រាស់ ដែលមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដែលទាមទារឲ្យផលិតផលក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សោភ័ណ្ឌភាព ការវេខ្ចប់ ការដាក់ស្លាកសញ្ញា ស្របតាមបទដ្ឋានបច្ចេកទេសផលិតផល និងតម្លៃ ដែលប្រកបដោយភាពប្រកួតប្រជែង ជាមួយផលិផលនាំចូលពីខាងក្រៅ ។ ដូច្នេះ ការតាំងបង្ហាញផលិតផលខ្មែរនាពេលនេះ គឺជាប្រធានបទមួយ គួរឲ្យយកចិត្តទុកដាក់បំផុត ពីព្រោះ បានតម្រង់ទិសទៅរកការគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក ដែលផលិតករ កសិករកម្ពុជាផលិតបាន សំដៅរួមគ្នាជម្រុញការគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាការលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក ឲ្យកាន់តែមានសមត្ថភាពក្នុងការផលិត ដែលជាផលិតផលមានគុណភាព ស្របតាមតម្រូវការទីផ្សារ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម លន់ លឹមថៃ ក៏បានអំពាវនាវទៅដល់បងប្អូន ជាម្ចាស់អាជីវកម្ម សិប្បកម្ម កសិករ អ្នកផ្គត់ផ្គង់ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅទីនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព និងសមត្ថភាព របស់ខ្លួន ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការផលិត ការផ្ដល់ព័ត៌មាន ជូនដល់អ្នកទស្សនាទាំងអស់គ្នា និងស្វែងរកអតិថិជន សម្រាប់ការលក់ផលិតផលរបស់ខ្លួន ។ ដោយឡែក បងប្អូនដែលមកទស្សនាទាំងអស់ ក៏សូមចូលរួមគាំទ្រផលិតផលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ផងដែរ ។ ជាពិសេស ក៏សូមជូនពរឲ្យការតាំងបង្ហាញផលិតផលខ្មែរ នាឱកាសនេះ ទទួលបានលទ្ធផលផ្លែផ្កា និងសម្រេចលទ្ធផលជោគជ័យ ទៅតាមការរំពឹងទុក ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត