ជយោ! បណ្ណាល័យកំពង់ចាម កើតឡើងហើយ ហើយនឹងត្រូវសម្ពោធក្នុងពេលឆាប់ៗនេះ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ជយោ! បណ្ណាល័យកំពង់ចាម កើតឡើងហើយ ហើយនឹងត្រូវសម្ពោធក្នុងពេលឆាប់ៗនេះ

សៀវភៅមិនមែនមានតែអក្សរតែមួយមុខតប៉ុណ្ណោះទេ ។ វានឹងប្រាប់អ្នកអានអក្សរថាតើកន្លែងណាដែលអ្នកគួរទៅ និងមនុស្សណាដែលគួរជួប ។ ជាទូទៅ បណ្ណាល័យត្រូវបានចាត់ទុកជាឃ្លាំងផ្ទុកនូវចំណេះដឹង បទពិសោធន៍ និងវប្បធម៌សំបូបែបរបស់មនុស្សជាតិ និងធម្មជាតិនៅក្នុងចក្រវាលនេះ ។ ក្នុងន័យនេះ ដោយយោងតាមគោលនយោបាយលើកកម្ពស់វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាម របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ២ នេះ គណៈអភិបាលខេត្ត ដែលដឹកនាំដោយលោក លន់ លឹមថៃ អភិបាលខេត្ត បានផ្តួចផ្តើមរៀបចំឡើងវិញនូវបណ្ណាល័យសាធារណៈមួយ មានឈ្មោះថា បណ្ណាល័យកំពង់ចាម ដែលស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ ដែលទីតាំងបណ្ណាល័យនេះគឺជាអតីតទីតាំងបណ្ណាល័យតាំងពីសម័យសង្គមរាស្ត្រនិយម ហើយត្រូវបានបំផ្លិចបំផ្តាញ និងលុបបំបាត់ចោលទាំងស្រុងចាប់ពីរបបប្រល័យពូជសាសន៍បានចាប់ផ្តើមកាលពីឆ្នាំ ១៩៧៥ ។ ឥឡូវនេះ បណ្ណាល័យកំពង់ចាមត្រូវបានរៀបចំបង្កើតឡើងវិញដោយយកមូលដ្ឋានគ្រឹះសាមគ្គីភាព ឆន្ទៈ និងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងចំណោមថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រីរាជការទូទៅ យុវជន ព្រះសង្ឃ យុវជន អង្គការ សមាគម ក្រុមហ៊ុន សហគ្រាសឯកជន ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់និន្នាការនយោបាយ សាសនា និងជាតិសាសន៍ ។ មូលដ្ឋានគ្រឹះនេះ បានបង្កើតនូវការប្រមូលនូវមូលនិធិថវិកាសប្បុរសធម៌ជាបន្តបន្ទាប់ ធ្វើឲ្យរដ្ឋបាលខេត្តមានអាចចាប់ផ្តើមរៀបចំបណ្ណាល័យនេះឡើងវិញបាន ។ លោកអភិបាលខេត្តបានបង្កើតនូវសេចក្តីអំពាវនាវ និងសកម្មភាពអំពាវនាវស្វែងរកថវិកាសប្បុរសធម៌ដោយផ្ទាល់ចំនួន ៤លើក ដែលប្រមូលបានថវិកាសរុបប្រមាណជាង ៦០លានរៀលគិតចាប់ពីខែ កុម្ភៈ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ។ ជាក់ស្តែង កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំបណ្ណាល័យ និងពិនិត្យលទ្ធភាពនៃការប្រមូលមូលនិធិ និងថវិកាសប្បុរសធម៌បន្ថែមទៀត ។ សមាសភាពចូលរួមប្រជុំនេះ រួមមានប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សសយក តំណាងសាកលវិទ្យាល័យ ស្ថាប័នអង្គការ សមាគម ក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានឥណទាន និងសប្បុរសជនជាច្រើន ។ ពេលនោះ បណ្ណាល័យនេះរកបានមូលនិធិ និងថវិកាសរុបប្រមាណ ២៨លានរៀលសម្រាប់រៀបចំបណ្ណាល័យបន្តទៀត ។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះការបរិច្ចាគធនធានផ្ទាល់ខ្លួនដល់បណ្ណាល័យ កំពង់ចាម ។ ទោះយ៉ាងណាក៏ដោយ ដោយយល់ឃើញថា ថវិកានេះមានចំនួនតិចតួចនៅឡើយបើធៀបនឹងទំហំ និងវិសាលភាពនៃការរៀបចំបណ្ណាល័យកំពង់ចាម ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមដែលមានលោក ហាន កុសល ជាប្រធាន បានខិតខំគិត និងរៀបចំផែនការដើម្បីប្រមូលថវិកាសប្បុរសធម៌បន្ថែមទៀត ដើម្បីទិញសម្ភារបន្ថែមបំពេញនូវការខ្វះខាតមួយចំនួន ដូចជា សៀវភៅអានជាច្រើនក្បាល ម៉ាស៊ីនកុំព្យូទ័រ ១២គ្រឿង ម៉ាស៊ីនត្រជាក់ ៦គ្រឿង ប្រព័ន្ធឧឃោសនស័ព្ទ១កំប្លេរ តុ កៅអី សម្ភារផ្សេងៗជាច្រើនទៀត និងការរៀបចំសោភណ្ឌភាពទាំងក្នុង និងខាងក្រៅបណ្ណាល័យ ។ សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងទូទាំងខេត្តកំពង់ចាម គឺជាកម្លាំងស្នូលនៃការដឹកនាំ និងរៀបចំបណ្ណាល័យនេះដោយផ្ទាល់ ។ សកម្មភាពទាំងឡាយឆ្ពោះទៅរកការសម្រេចឲ្យបាននូវការរៀបចំបណ្ណាល័យកំពង់ចាមមួយដែលមានលក្ខណៈសមរម្យតាមបច្ចេកទេស ដែលអនុវត្តដោយក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការលើកទឹកចិត្តពីរដ្ឋបាលខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា ការរៀបចំបណ្ណាល័យនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។

ព្រឹត្តិការណ៍សម្ពោធបណ្ណាល័យកំពង់ចាម នឹងត្រូវរៀបចំឡើង នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខ ដោយគ្រោងឲ្យមានភាពអធិកអធមជាទីបំផុត ។ ក្នុងន័យនេះ លោកអភិបាលខេត្ត សូមអំពាវនាវបន្ថែមទៀតដល់បងប្អូនសប្បុរសជនគ្រប់ទិសទី សូមមេត្តាជួយផ្តាល់ជាការគាំទ្រផ្នែកស្មារតី និងធនធានថវិកា សម្ភារ និងសៀវភៅទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីពង្រឹង និងពង្រីងគុណភាពនៃសេវាបណ្ណាល័យកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមឲ្យបានល្អប្រសើរ និងមាននិរន្តរភាព ។ ការចូលរួមចំណែករបស់បងប្អូនពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដល់ការអភិវឌ្ឍខេត្ត និងសង្គមជាតិទាំងមូល។ សម្រាប់ការជួយឧបត្ថម្ភ សូមបងប្អូនមេត្តាទាក់ទងលោក ហាន កុសល នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម តាមរយៈលេខទូរស័ព្ទ ០១២៤៤៦៨៥៦ ឬតាមរយៈអាសយដ្ឋាន kosal@kpc.ncdd.gov.kh ។ សូមអរគុណ!

រៀបចំដោយការិយាល័យសរុប និងពត៌មាន

15224795_1238639336193798_482333165_o 15224834_1238639346193797_1817959346_o 15231468_1238639332860465_1974057809_o 15239321_1238639326193799_1663660608_n 15281799_1238639329527132_1556503984_n